​ភ្នំពេញៈ ​ប្រធានស្តីទី​រដ្ឋសភា​កម្ពុជា​លោក​ ជាម យៀប កត់សម្គាល់​ពី​ការរីក​ចម្រើន​នៃ​កិច្ចសហប្រតិបត្តិការ​ក​ម្ពុ​ជា​-​ថៃ ក្នុង​ក្របខ័ណ្ឌ​រដ្ឋាភិបាល និង​គណ​បក្ស​កាន់អំណាច​នៃ​ប្រទេស​ទាំង ​២ ពោលគឺ​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​ភឿ​ថៃ ដែល​ធ្វើឱ្យមាន​ការបង្កើន​ផលប្រយោជន៍​ដល់​ប្រទេស​និង​ប្រជាជន​នៃ​ប្រទេស​ទាំង ​២​។​

​ការកត់សម្គាល់​របស់​ប្រធានស្តីទី​រដ្ឋសភា​កម្ពុជា ធ្វើឡើង​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង​លោក និង​លោក​​ស្រី ផេ​ថង​ថា​ន ស៊ីណាវ៉ាត្រា ប្រធាន​គណបក្ស​ភឿ​ថៃ ដែលជា​កូនស្រី​របស់លោក ​ថាក់ស៊ីន ស៊ីណាវ៉ាត្រា នា​វិមាន​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃទី​ ១៨ ខែមីនា ឆ្នាំ​ ២០២៤​។ នេះ​បើ​យោងតាម​ការ​ប្រ​កាស​ពី​រដ្ឋសភា​កម្ពុជា​។​

​លោក​ ជាម យៀប ក្នុងនាម​ជា​សមាជិក​អចិ​ន្រៃ្ត​យ៍ នៃ​គណៈកម្មាធិការ​កណ្ដាល​គ​ណ​បក្ស​ប្រជាជន​កម្ពុជា និង​ជា​តំណាង​ប្រធានរដ្ឋសភា បានប្រកាស​ស្វាគមន៍​ដំណើរ​ទស្សន​កិច្ច​របស់​ប្រធាន​គណបក្ស​ភឿ​ថៃ និង​គណៈប្រតិភូ​ដែល​សង្កត់ធ្ងន់ថា នឹង​ជំរុញ​ទំនាក់ទំនង​រវាង​គណ​បក្ស​កាន់អំណាច​កម្ពុជា​និង​ថៃ ក៏ដូចជា​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ ២ ឱ្យ​កាន់តែ​ស៊ី​ជម្រៅ​បន្ថែមទៀត​។​

​លោក​កត់សម្គាល់​ទៀតថា៖ «​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ ២ តែងតែ​ផ្លាស់ប្តូរ​ទស្សនកិច្ច​នឹង​គ្នា​ជា​ញឹកញាប់​នា​មួយរយៈ​ចុង​ក្រោយនេះ តួយ៉ាង​កម្រិត​សភា និង​ជួរ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល ទាំង​ក្របខ័ណ្ឌ​ទ្វេភាគី និង​ពហុភាគី ជាពិសេស​គម្រោង​នៃ​ការ​មកបំពេញ​ទស្សនកិច្ច​របស់​ប្រធានសភា​ថៃ​លោក Wanmuhamadnoor Matha មក​កម្ពុជា នា​ថ្ងៃទី​​ ២១-២៣ ខែមីនា​ខាងមុខនេះ ក៏ដូចជា​យន្តការ​ពង្រឹង​ប្រព័ន្ធ​រដ្ឋសភា​ប្រទេស​ទាំង ​២ រួមមាន​យន្តការ​សភា​វ័យក្មេង និង​ស្ត្រី អន្តរ​សភា​អាស៊ាន ​(​អាយ​ប៉ា​)​ សភា​ឌីជីថល ជាដើម​»​។​

ទន្ទឹមនឹងនេះ​លោក ​ជាម យៀប ក៏​គាំទ្រ​ចំពោះ​ការពង្រឹង​ការ​​ផ្លាស់ប្តូរ​ទស្សនកិច្ចរ​វាង​ថ្នាក់​ដឹក​​នាំ​រដ្ឋាភិបាល​ប្រទេស​ទាំង ​២ ខណៈ​ប្រទេស​ទាំង ​២​ បាន​ពង្រីក​កម្រិត​ទៅជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ដែលជា​សក្ខីកម្ម​បង្ហាញ​ពី​ការរីកចម្រើន​ទំនាក់ទំនង​ទ្វេភាគី​ក្នុង​យុគសម័យ​ថ្មី​។​

​លោក​ប្រធានរដ្ឋសភាស្ដីទី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហ​ប្រតិបត្តិការ​រវាង​ក​ម្ពុ​ជា និង​ថៃ​ទាំង​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់ និង​អន្តរជាតិ ពិសេស​លើ​វិស័យ​ពា​​ណិ​ជ្ជ​កម្ម វិស័យ​ទេសចរណ៍ ដែលមាន​សម្ទុះ​គួរឱ្យកត់សម្គាល់​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។ លោក​បានផ្តល់​យោបល់​ថា៖ «​កម្ពុជា​និង​ថៃ គួរ​បង្កើន​លក្ខណៈ​ងាយស្រួល​ដល់​ច្រក​របៀង​ទេសចរណ៍ ជាពិសេស​ជំរុញ​យន្តការ​ព្រះរាជាណាចក្រ​ ២​ គោលដៅ​តែមួយ សំដៅ​សម្ទុះ​កំណើន​វិស័យ​ទេសចរណ៍​»​។​

​ក្នុង​ទំនាក់ទំនង​គណបក្សនយោបាយ លោក​ ជាម យៀប បាន​សាទរ​ចំពោះ​កិច្ច​សហ​ប្រតិ​​ប​ត្តិ​ការ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​ភឿ​ថៃ ដែល​គ្រប់​វេទិកា​តែង​គាំទ្រ​គ្នា​ទៅវិញទៅមក ជា​​ពិសេស​ក្របខ័ណ្ឌ ICAPP ហើយ​លោក​បាន​ស្នើសុំ​ការគាំទ្រ​ដូច្នេះ​បន្ថែមទៀត​នាពេលខាងមុខ ដែល​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំពេញអង្គ​នៃ​សភា​អន្តរ​ជាតិ​ដើម្បី​ភាព​អត់ឱន​និង​សន្តិ​ភាព (International Parliament for Tolerance and Peace - IPTP) លើក​ទី​ ១១​។ គណបក្ស​ប្រជាជន​កម្ពុជា នឹង​ធ្វើជា​ម្ចាស់ផ្ទះ​មហាសន្និបាត​នៃ​សន្និសីទ​អន្តរជាតិ​នៃ​បណ្ដា​គណបក្សនយោបាយ​នៅ​អាស៊ី (ICA-PP) លើក​ទី ​១២ នេះ​។​

លោកហ៊ុន សែន និង លោក​ស្រី ផេថងថាន ស៊ីណា​វ៉ាត្រា នៅថ្ងៃ ១៨ ខែមីនា ឆ្នាំ ២០២៤។ រូបថត SHS

​យោងតាម​រដ្ឋសភា​កម្ពុ​ជា លោកស្រី ​ផេ​ថង​ថា​ន ស៊ីណា​វ៉ា​ត្រា បង្ហាញ​ការ​ជឿជាក់ថា កម្ពុជា ​និង​ថៃ នឹង​បន្ត​មាន​សន្តិ​ភាព​រួមគ្នា​ដើម្បី​ការរីកចម្រើន​ផ្នែក​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំង​ ២ ​ដែល​លោកស្រី​សង្កត់ធ្ងន់ថា សន្តិ​ភាពជា​បាត​គ្រឹះ​សំខាន់​ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច​។

លោកស្រី​បានលើកឡើង​ថា​៖ «​គណបក្ស​ភឿ​​ថៃ និង​គណបក្ស​ប្រជាជន​កម្ពុជា មាន​ទំនាក់ទំនង​ដ៏​ល្អ ដែលមាន​តាំងពី​យូរ​មកហើយ និង​ត្រូវ​ធ្វើឱ្យ​ទំនាក់ទំនង​ដ៏​ល្អ​នេះ​មាន​ជា​បន្ត​យូរអង្វែង​ទៅមុខទៀត​»​។​

​ជា​ចុងក្រោយ លោកស្រី បាន​គាំទ្រ​គំនិត​របស់លោក​ជាម យៀប ទៅលើ​ការបង្កើន​ភាពងាយស្រួល​លើ​ច្រករបៀង​ទេសចរណ៍​រវាង​ប្រទេស​ទាំង ​២ ​កម្ពុជា​-​ថៃ ជាពិសេស​ជំរុញ​យន្តការ​ព្រះរាជា​​ណា​ចក្រ​ ២ គោលដៅ​តែ​ ១​។​

​នៅ​ល្ងាច​ថ្ងៃទី ​១៨​ មីនា​នេះដែរ លោកស្រី ផេ​ថង​ថា​ន ស៊ីណា​វ៉ា​ត្រា ក៏បាន​ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​លោកនាយក​ដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែ​ត​នៅ​វិមាន​សន្តិភាព និង​ជួបពិភាក្សា​ការងារ​ជាមួយ​លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ផងដែរ​នៅ​វិមាន​ ៧ ​មករា រាជធានី​ភ្នំពេញ​។​

​លោក​ គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា លើកឡើងថា ទំនាក់ទំនង​ល្អ​រវាង​កម្ពុជា​និង​ថៃ មាន​សារៈសំខាន់​ជាខ្លាំង ជា​​ពិសេស​ចេញពី​កម្រិត​រដ្ឋាភិបាល និង​ជួរ​បក្ស​កាន់អំណាច​នៃ​ប្រទេស​ទាំង​ ២​។

លោក​បន្តថា ទំនាក់​​ទំនង​នេះ​កំពុង​វិ​វត្ត​មកជា​វិជ្ជមាន​តាមរយៈ​ដំណើរ​ទស្សនកិច្ច​ថ្នាក់​​ដឹកនាំ​ប្រទេស​ទាំង​ ២ ញឹកញាប់ នា​មួយរយៈ​ចុងក្រោយ​នេះ ព្រម​ទាំង​ទំនាក់ទំនង​ក្របខ័ណ្ឌ​ជិត​ស្និទ្ធ​រវាង​គណបក្ស​ភឿ​ថៃ និង​គណបក្ស​ប្រជាជន​កម្ពុជា​តាមរយៈ​ក​ម្រិ​ត​ទំនាក់ទំនង​ប្រមុខ​បក្ស​។​

​លោក​ថា​៖ «​ភាគី​ទាំង​ ២ ត្រូវការ​ពង្រឹង​ទំនាក់ទំនង​ក្នុង​ក្រប​ខ័​ណ្ឌ​យុទ្ធសាស្ត្រ នយោបាយ វិស័យ​សន្តិសុខ ដែល​ទំនាក់ទំនង​ល្អ​នេះ​ផ្តល់​ផលប្រយោជន៍​រួម​ទៅលើ​ការគាំទ្រ​គ្នា ក៏ដូចជា​ទប់ទល់​​កម្លាំង​ប្រឆាំង​រៀងខ្លួន​ជាពិសេស​ទៅលើ​ការរួម​គ្នា​ពង្រឹង​សន្តិសុខ​ព្រំដែន​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ការ​ជួញដូរ​មនុស្ស​»​។

លោក​ថា​៖ «​លើ​វិស័យសេដ្ឋកិច្ច​​ពាណិជ្ជកម្ម​ក៏​សំខាន់​ផងដែរ ដែល​កម្ពុជា​ជា​ប្រទេស​នាំចូល​ផលិតផល​ថៃ​ជា​ច្រើន ឯ​ថៃ​វិញ​ក៏​កំពុង​ប្រើប្រាស់​ធនធាន​កម្លាំង​ពលករ​ជា​ខ្មែរ​ច្រើន​សន្ធឹកសន្ធាប់​លើ​ទឹកដី​ខ្លួន​ដែរ​»​។​

​ជា​លក្ខខណ្ឌ​យុទ្ធសាស្ត្រ​កម្ពុជា​និង​ថៃ​កាន់តែ​ត្រូវការ​គ្នា​ចំពោះមុខ​ការប្រណាំង​ប្រជែង​ភូមិសាស្ត្រ​នយោបាយ​របស់​មហាអំណាច ដែល​មិនអាច​យកគ្នា​ជាស​ត្រូវ​ឡើយ ដែល​ភាគី​ទាំង ២ ធ្លាប់មាន​បញ្ហា​ប្រឈម​ខាតបង់​ទាំង​សង​ខាង​ពី​ចន្លោះ​ឆ្នាំ ​២០០៨ ដល់​ឆ្នាំ​ ២០១១ ​អំឡុង​ប្រឈមមុខ​កម្លាំងយោធា​ដាក់គ្នា​។

លោក​ គិ​ន ភា ក៏បាន​ស្នើឱ្យ​ភាគី​ទាំង ​២ បង្កើន​ការជជែក​សម្រុះសម្រួល​គ្នា​ដោះស្រាយ​បញ្ហា​ប្រឈម​ដែល​នៅ​សេស​​សល់​តួយ៉ាង​បញ្ហា​ព្រំដែន​ដែល​មិនទាន់​ដាច់ស្រេច និង​បញ្ហា​ជម្លោះ​វប្បធម៌​រវាង​ប្រជាជន​ទាំង​ ២​ ជាដើម​ដើម្បី​ផលប្រយោជន៍​ប្រទេស​ទាំង​ ២៕