​ភ្នំពេញៈ ក្រសួងមហាផ្ទៃ បានប្រកាស​ពី​ការបន្ត​ដាក់ទណ្ឌកម្ម​មន្ត្រីនគរបាល​ណា​ដែល​មិន​គោរព​តួនាទី ភារកិច្ច ក៏ដូចជា​ល្មើស​វិន័យ​នៃ​កងកម្លាំង​នគរបាលជាតិ ដោយ​ត្រូវ​ប្រឈម​នឹង​ការដក​ចេញពី​តំណែង និង​បន្ថយ​ឋានន្តរ​​ស័ក្ដិ ខណៈ​គិតពី​ដើម​អាណត្តិ​ទី​៧ ​មក មាន​មន្ត្រីនគរបាល​ប្រមាណ ​១៦០ នាក់​ហើយ​ ត្រូវបាន​បណ្ដេញ​ចេញពី​ក្របខ័ណ្ឌ​នគរបាល​។ ​ការប្រកាស​ដាក់ទណ្ឌកម្ម​បែបនេះ ធ្វើឡើង​តាមរយៈ​សេចក្ដី​​ប្រកាស​ស្ដី​ពីបទ​វិន័យ​មន្ត្រី​នគរបាលជាតិ​ដែល​បាន​ចុះហត្ថលេខា​ដោយ​លោក ស សុខា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ កាលពី​ថ្ងៃទី​ ១៥ ខែមីនា ឆ្នាំ​ ២០២៤​។​

​លោក​បាន​លើកឡើងថា គោលដៅ​កំណត់​ពីបទ​វិន័យ​នគរបាលជាតិ​កម្ពុជា ក្នុង​គោលបំណង​លើកកម្ពស់ សីលធម៌ តម្លៃ សេចក្ដីថ្លៃថ្នូរ ជំនឿ​ទុកចិត្ត ឧត្តមភាព កិត្តិយស​និង​ប្រសិទ្ធភាព​នៃ​ការបំពេញ​ការងារ​រប​ស់​មន្ត្រី​នគរបាលជាតិ ដើម្បី​រក្សា​ការពារ​សន្តិសុខ សណ្ដាប់​ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម​ជូន​ប្រទេសជាតិ​និង​ប្រជា​​ពលរដ្ឋ​។

លោក ស សុខា លើក​ឡើង​ថា ភារកិច្ច​ដែល​មន្ត្រី​នគរ​​បាល​ជាតិ​ត្រូវធ្វើ​ដើម្បី​បម្រើ​ផល​ប្រយោជន៍​ជូន​ប្រជាពលរដ្ឋ​រួម​មាន​៖ ផ្ដល់​សេវា​ជូន​ប្រជាពលរដ្ឋ ទាក់ទង​នឹង​ការងារ​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ​និង​សុវត្ថិ​​ភាព​សង្គម ដោយ​ប្រកាន់​ភ្ជាប់​នូវ​អាកប្បកិរិយា ឥរិយាបថ​ល្អ ប្រកបដោយ​ក្រមសីលធម៌ ភាពស្មោះត្រង់ យុត្តិធម៌ និង​ភាពមិនលម្អៀង​ក្នុងពេល​បំពេញភារកិច្ច​។ ជាពិសេស​បញ្ចេញមតិ​យោ​ប​ល់ ឬ​ប្រតិកម្ម​តប​នូវ​ទង្វើ និង​ពាក្យ​​សម្ដី​របស់ខ្លួន​ប្រកបដោយ​ភាព​ប្រុងប្រយ័ត្ន​ទៅកាន់​សាធារណជន​។​

​លោក​បញ្ជាក់ថា​៖ «​មន្ត្រី​នគរបាលជាតិ​ត្រូវបំពេញ​ភារកិច្ច​ក្នុង​ការផ្ដល់សេវា ដោយ​ឈរ​គោលការណ៍​ស្មើភាព​គ្នា​ចំពោះមុខ​ច្បាប់ គោរព​សិទ្ធិមនុស្ស និង​ភាពមិន​រើសអើង ដោយ​ឥត​ប្រកាន់ពូជសាសន៍ ពណ៌​សម្បុរ ភេទ ភាសា ជំនឿ សាសនា និន្នាការ​នយោបាយ ដើមកំណើត ជាតិ ឋានៈ​សង្គម ធនធាន​ឬ​ស្ថានភាព​ឯទៀត​ឡើយ​»​។

ទន្ទឹមនឹង​ភារកិច្ច​បម្រើ​ផល​ប្រយោជន៍​ជូន​ប្រជាពលរដ្ឋ​នេះដែរ លោក​ថា​៖ «​មន្ត្រីនគរបាល​ជាតិ​ក៏​មិន​ត្រូវយក​ម៉ោង​រដ្ឋបាល​ទៅ​ប្រកបមុខរបរ​ផ្ទាល់ខ្លួន ជាពិសេស​សម្លុត គំរាមកំហែង​បំពាន​សិទ្ធិ​ប្រជាពលរដ្ឋ យក​ឥទ្ធិពល ឬ​អំណាច​នៅក្នុង​មុខងារ ឬ​យក​មន្ត្រី​នគរបាលជាតិ​នៅក្រោម​បង្គាប់​របស់ខ្លួន ទៅប្រើ​ដើម្បី​ទាញយក​ផលប្រយោជន៍​អ្វីមួយ​»​។​

​លោក​បន្តថា ក្រៅពីនេះ មិនត្រូវ​ឃុបឃិត​ជាមួយ​ជនល្មើស​ក្នុងការ​​ប្រព្រឹត្ត​នូវ​រាល់​អំពើ​ខុសច្បាប់ និង​ប្រព្រឹត្ត​នូវ​បទល្មើស​គ្រឿងញៀន លេងល្បែង​ស៊ីសង ក៏ដូចជា​បទល្មើស​គ្រប់​ប្រភេទ ក្នុង​អាជីព​ជា​មន្ត្រី​នគរបាលជាតិ​។​

​លើសពីនេះទៅទៀត មន្ត្រីនគរបាល​ជាតិ​ក​ម្ពុ​ជា ត្រូវគោរព និង​អនុវត្ត​រាល់​បញ្ជា​ដោយ​ស្មារតី​ទទួលខុសត្រូវ និង​គ្មាន​ការតវ៉ា​ដេញដោល​រកហេតុ​ផល​។ បញ្ជា​ណា​ដែលមាន​ភាពច្បាស់​ក្រឡែត ផ្ទុយ​ពី​ច្បាប់​ជាតិ ឬ​ច្បាប់​អន្តរជាតិ ត្រូវ​ហាមឃាត់ ហើយ​ក្នុងករណីនេះ អ្នក​បញ្ជា ឬ​អ្នកអនុវត្ត​បញ្ជា ត្រូវ​ទទួលខុស​​ត្រូវ​ចំពោះមុខ​ច្បាប់​ជា​ធរមាន​។​

​លោក ស សុខា បាន​លើកឡើងថា​៖ «​ចំពោះ​ការដាក់ទណ្ឌកម្ម​ខាង​វិន័យ​មាន ២​ កម្រិត គឺ​កម្រិត​ទី​១ តាម​រូបភាព​អប់រំ ស្ដីបន្ទោស ធ្វើ​កិច្ចសន្យា ឬ​ព្រមាន​ជា​លាយលក្ខណ៍អក្សរ ឬ​ការ​លុបឈ្មោះ​ចេញពី​តារាង​ឋានន្តរស័ក្ដិ​។ ចំណែក​កម្រិត​ទី២ តាម​រូបភាព ការដាក់ឱ្យ​ទំនេរ​គ្មាន​ប្រាក់បៀវត្សរ៍​ដោយ​បញ្ញត្តិ​មិនឱ្យ​លើសពី​ ១ ​ឆ្នាំ​ ឬ​ការដកហូត​មុខតំណែង កាត់បន្ថយ​ឋានន្តរស័ក្ដិ ឬក៏​ការដាក់ឱ្យ​ចូលនិវត្តន៍​មុន​កំណត់​»​។​

​ក្រៅពីនេះ ក្រសួងមហាផ្ទៃ ក៏មាន​ការ​ដាក់ទណ្ឌកម្ម​វិន័យ​ទៅលើ​មន្ត្រីនគរបាល​ជាតិ​ណា​ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រហ្មទណ្ឌ នឹង​បញ្ជូន​សំណុំរឿង​និង​វត្ថុ​តាង​ទៅ​តុលាការ​ជាដើម​។​

លោក ​ទូច សុ​ខៈ អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​ ១៧ ខែមីនា​ថា បើ​គិត​ចាប់ពី​ដើម​អាណត្តិ​​ទី​៧ រហូតមកដល់​ពេលនេះ ក្រសួងមហាផ្ទៃ​បាន​រកឃើញ​មន្ត្រីនគរបាល និង​មន្ត្រី​ពន្ធនាគារ ដែលមាន​ការប្រើប្រាស់​សារធាតុ​ញៀន ហើយ​ត្រូវបាន​ក្រសួង​បណ្ដេញ​ចេញពី​ក្របខ័ណ្ឌ​មាន​ចំនួន​ប្រហែល ១៦០ ​នាក់​។

លោក​បន្តថា ដោយឡែក​មន្ត្រីនគរបាល​ទូទៅ​ដែល​រង​ពិន័យ​ឬ​ល្មើស​វិន័យ​នៃ​កងកម្លាំង​នគរបាលជាតិ​វិញ ហើយ​ត្រូវ​ប្រឈម​នឹងការបណ្ដេញចេញ​មាន​ប្រហែល​ជាង ៥០ ​នាក់ និង​ក្រៅពីនេះ​មានការ​ដកហូត​នូវ​មុខតំណែង និង​បន្ថយ​ឋានន្តរ​ស័ក្តិ​មាន​ចំនួន​ជាង ២០​ នាក់​។

​ចំពោះ​ការអនុវត្ត​វិធានការ​ទាំងនេះ ក្រសួងមហាផ្ទៃ​អនុវត្ត​តែ​ក្នុង​ក្រសួង​ខ្លួនឯង​មួយ​ទេ ដែល​មានន័យថា រាល់​ការអនុវត្ត​វិន័យ​ទាំងនោះ​គឺធ្វើឡើង​សម្រាប់តែ​មន្ត្រី​ដែល​បាននិងកំពុង​បំពេញការងារ​ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ក្រសួងមហាផ្ទៃ​។ ប៉ុន្តែ​ប្រសិន​ជាមាន​ករណីខ្លះ​បាន​ចូល​ជា​បទល្មើស​ព្រហ្ម​ទណ្ឌ ដែលជា​សមត្ថកិច្ច​រប​ស់​តុលាការ គឺមាន​មួយចំនួន​ក៏បាន​បញ្ជូនទៅ​នគរ​បាល​ព្រហ្មទណ្ឌ​ដើម្បី​កសាង​សំណុំរឿង​ឱ្យ​តុលាការ​ធ្វើការ​ជាមួយគ្នា​ផងដែរ​។ នេះ​បើតាម​លោក ទូច សុ​ខៈ

​លោក​បន្ថែមថា​៖ «​ដូច្នេះហើយ​គឺ​ត្រូវ​សម្អាត​មន្ត្រី ឬ​កងកម្លាំង​នគរបាល និង​មន្ត្រី​ពន្ធនាគារ​ឱ្យបាន​ស្អាត​ជាដើម​កុំ​មាន​ការជាប់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​កុំឱ្យ​មានការ​ល្មើស​វិន័យ និង​ពង្រឹង​ឱ្យមាន​ការ​គោរព​វិន័យ ជាពិសេស​គោរព​តួនាទី ភារកិច្ច​ឱ្យស្រប​តាមច្បាប់​កំណត់​ជា​ដើម ដើម្បី​ជា​គំរូ​ក្នុង​ការណែនាំ និង​អប់រំ​ដល់​យុវជន និង​មហាជន​»​។

អ្នកនាំពាក្យ​ដដែល​បញ្ជាក់ថា នៅពេល​មន្ត្រី​​មានការ​បំពេញ​តួនាទី និង​ភារកិច្ច​ក៏ដូចជា​គោរព​វិន័យ​ទៅតាម​ច្បាប់​ដែល​កំណត់ គឺ​វា​រួមចំណែក​ជួយ​ឱ្យ​ការអនុវត្ត​ច្បាប់​កាន់តែ​មាន​ប្រសិទ្ធភាព និង​មិនមាន​អំពើពុករលួយ​ផងដែរ​៕