​ភ្នំពេញៈ ​ក្រសួង​ការងារ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានប្រកាស​ផ្តល់ឱកាស​ការងារ​ចំនួន​ ​២ ៥៤៧​ កន្លែង សម្រាប់​កម្មករនិយោជិត​នៅ​ក្រុមហ៊ុន វ៉ា​យ &​ ដា​ប់បែល​យូ ហ្គា​មេន (Y & W GARMENT CO., LTD.) ខណៈ​ពួកគេ​កំពុង​រង់ចាំ​ដោះ​​ស្រាយ ក្រោយពី​រោងចក្រ​នេះ បានប្រកាស​បិទទ្វារ និង​មិនបាន​បើកប្រាក់​ខែ​ជូន​ពួកគេ​។​

​សេចក្តីជូនដំណឹង​រប​ស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ចុះ​ថ្ងៃទី​ ១៦ ខែមីនា ឆ្នាំ ២០២៤ បញ្ជាក់ថា​៖ «​ទី​ភ្នា​ក់​ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ចុះ​ផ្សព្វផ្សាយ​ពី​ឱកាស​ការងារ និង​មាន​មន្ត្រី​រង់ចាំ​ចុះឈ្មោះ​ស្វែង​​រក​ការងារ​ធ្វើ​ភ្លាមៗ​ជូន​បងប្អូន​កម្មករ​និយោជិត​នៅមុខ​ក្រុម​ហ៊ុន វ៉ា​យ &​ ដា​ប់បែល​យូ ហ្គា​មេន​ដើម្បីឱ្យ​បងប្អូន​ទទួលបាន​ឱកាស​ការងារ​ថ្មី​ជាមួយនឹង​រោងចក្រ​សហគ្រាស​នៅក្បែរ​តំបន់​ដែល​បងប្អូន​រស់នៅ​។​ ​ឱកាស​ការងារ​ចំនួន ២ ៥៤៧ កន្លែង​ ពី​រោងចក្រ និង​សហ​គ្រាស ជាច្រើន​កំពុង​រង់ចាំ​បង​ប្អូន​កម្មករនិយោជិត​»​។​

​ជាមួយគ្នានេះ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក៏បាន​អំពាវនាវ​ថា ខណៈពេល​បងប្អូន​កំពុង​រង់ចាំ​នីតិវិធី និង​ដំណោះស្រាយ​ដើម្បី​ទទួលបាន​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ផ្សេងៗ​ពី​ក្រុមហ៊ុន​ វ៉ា​យ ​&​ ដា​ប់បែល​យូ ហ្គា​មេន ក្រសួង​សូម​អំពាវនាវ​ដល់​បង​ប្អូន សូម​មក​ទទួល​សេវា​ជួយ​រក​ការងារ​ធ្វើ​ពី NEA ដើម្បីឱ្យ​បងប្អូន​អាច​ទទួលបាន​ការងារ​ថ្មី​ឆាប់រហ័ស និង​មាន​ប្រាក់ខែ​បន្ត​ភ្លាមៗ តាមរយៈ​សេវា​ការងារ​របស់​ម​ជ្ឈ​មណ្ឌល​ការងារ​ចល័ត នៃ​ទី​ភ្នា​ក់​​ងារ​ជាតិ​មុខរបរ​និង​ការងារ (NEA) ដែល​កំពុង​ចត​នៅមុខ​ក្រុមហ៊ុន​វ៉ា​យ​ &​ ដា​ប់បែល​យូ​ហ្គា​មេន​ (Y & W GARMENT CO., LTD.) ​ស្រាប់ ឬ​ទាក់ទង​លេខ​ទូរស័ព្ទ ០៧៧ ២៣២ ៣៧៨ / ០១៦ ៧៨៦ ៦៥៥ (Telegram)​។​

លោក​ ឆោម សុខឿន ប្រធាន​មជ្ឈមណ្ឌល​ការងារ​រាជ​ធានី​ភ្នំពេញ​បានឱ្យដឹងថា រោងចក្រ​ទាំងនោះ​មកពី​ប្រទេស​សិង្ហ​បុរី ចិន និង​កោះ​ហុងកុង​ជាដើម​ដែលមាន​ទីតាំងនៅ​ជុំវិញ​រោងចក្រ Y & W​ ដែល​ផ្តល់​ភាពងាយស្រួល​ដល់ក​ម្មក​រ​រោងចក្រ ​Y & W​។​

​ជុំវិញ​បញ្ហា​នេះ លោក អាត់​ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា​បានឱ្យដឹង​នៅ​ថ្ងៃទី​ ១៧ ខែមីនា ថា ជាទូទៅ និង​តាមផ្លូវ​ច្បាប់ នៅពេល​ក្រុមហ៊ុន​ឬ​រោង​​ចក្រ​បិទទ្វារ​គឺ​ត្រូវតែ​មានការ​ទូទាត់​ប្រាក់​ជូន​កម្មករ កម្មការិនី  ​ខណៈ​កន្លងមក​មិនមាន​ការទូទាត់​នោះ​។​

​លោក​បាន​បន្ថែមថា ដោយ​​ឡែក​ករណី រោងចក្រ​ Y & W នេះ ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ក្រសួង​ការងារ​បានចេញ​សេចក្តីសម្រេច​រឹបអូស ទ្រព្យសម្បត្តិ ប៉ុន្តែ លោក​មិនទាន់​ដឹងថា កម្មករ​កម្មការិនី ទទួលបាន​ការទូទាត់​ហើយ​ឬ​នៅទេ ប៉ុន្តែ​បើ​មិនបាន​ទូទាត់​ជូន​ពួកគេ​វិញ​ទេ​គឺជា​រឿង​អកុសល​សម្រាប់​ពួកគាត់​។​

​ជាមួយគ្នានេះ លោក​ក៏បាន​បញ្ជាក់ដែរថា ក្នុងអំឡុងពេល​កម្មក​រ​កម្មការិនី​មិនមាន​ការងារ​ធ្វើ ហើយ​ក្រសួង​រក​ការងារ​ឱ្យធ្វើ​គឺជា​រឿង​ល្អ​បំផុត ប៉ុន្តែ​ទីតាំង​រោងចក្រ បើ​នៅ​ឆ្ងាយ​គឺជា​រឿង​លំបាក​សម្រាប់​ពួកគាត់​ទៅវិញ​ទេ​ព្រោះ​ត្រូវការ​ស្វែងរក​ផ្ទះជួល​ថ្មី​ទៀត​។​

​លោក អាត់ ធន់ បញ្ជាក់ថា​៖ «​សម្រាប់​ខ្ញុំ យល់ឃើញថា បើ​ដោះស្រាយ​អាចាស់​ឱ្យ​ចប់ ហើយ​ផ្តល់​ការងារ​នៅតាម​រោងចក្រ​ជិតៗ គឺជា​រឿង​ល្អ ព្រោះ​ថាបើ​រោងចក្រ​នៅ​ឆ្ងាយ​វា​ពិបាក​ដល់​ពួកគាត់ តែ​ជា​ជម្រើស​របស់គាត់​ទេ​»​។  

​សូម​រំឭក​ដែរ​ថា សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​ ១២ ខែមីនា បានចេញ​ដីកា​សម្រេច​រឹបអូស​បណ្តោះ​អាសន្ន​នូវ​ទ្រព្យសម្បត្តិ និង​សម្ភារ​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​វ៉ា​យ​&​ដា​ប់បែល​យូ ហ្គា​មេន  ​បន្ទាប់ពី​ម្ចាស់​រោង​ចក្រ​បាន​រត់គេចខ្លួន និង​មិនបាន​បើកប្រាក់​បៀវត្សរ៍​ជូន​ដល់​ពួកគាត់​។​

​ទន្ទឹមនឹងនេះ​ដីកា​ក៏បាន​តម្រូវឱ្យ​សហ​កូនបំណុល ក្រុមហ៊ុន​នេះ និង​ឈ្មោះ ​YUEN PO FAI ជា​ម្ចាស់​សហគ្រាស ត្រូវ​ផ្ញើ​ប្រាក់​ចំនួន​ជាង​ ៣,២៩​ លាន​ដុល្លារ​អាមេរិក​ជា​ប្រាក់​រំដោះ ដើម្បី​ទទួលបាន​ការលុបចោល​ការ​​រឹបអូស​បណ្តោះអាសន្ន​៕